បុប្ផាស្ទឹងត្រែង
(បទពាក្យប្រាំពីរ)
ថ្ងៃរះជ្រៀលជ្រេរេគោងភ្នំ ផុតព្រៃតូចធំដុះអមផ្លូវ
រថយន្តយើងបោលសំដៅទៅ កាត់ព្រៃភ្នំជ្រៅទៅស្ទឹងត្រែង។
មកដល់ខេត្តនេះវ៊ីសនឹងយប់ យើងឥតឈរឈប់សួរគេឯង
សួររកផ្ទះទុកស្នាក់សម្បែង សម្រាកស្ទឹងត្រែងមួយរាត្រី។
លុះព្រឹកស្វាងជ្រះស្រលះមេឃ ខ្ញុំក្រោកពីដេកឥតខ្វល់អ្វី
រៀបចំខ្លួនរួចចុះទៅដី ដើរមើលប្រុសស្រីដីជាយដែន។
ខ្ញុំតម្រង់ទៅមាត់ទន្លេ ឃើញគេដឹកត្រីឡើងពេញណែន
តាមទូកតូចធំប្រឹងបត់បែន ដឹកត្រីរាប់សែនយកឡើងជ្រាំង។
ខ្ញុំក៏ដើរហួសទៅតាមផ្លូវ រួចត្រូវកង់បុកលាន់លឺផាំង
ស្រីម្នាក់បុកខ្ញុំមុខឡើងស្លាំង ភ័យខ្លាំងនាងអោនឥតងើយមុខ។
ដំបូងខ្ញុំខឹងវ៊ីសជេស្តី តែលុះឃើញស្រីធាត់ទ្រលុក
ទោះឈឺប៉ុណ្ណាខ្ញុំលាក់ទុក ប្រាប់នាងងើយមុខចរចារគ្នា។
នាងងើយមុខចំចំជាស្អាត ថ្ ពាល់ឡើងក្រប៉ាតមុខពេញហ៊ារ
ច្រមុះកោងស្រួចសាច់ថ្ពាល់យា សក់ដូចរោមទាមានឈ្មោលជាន់។
សំបុរនាងសដូចកូនចិន រាងដូចត្បាល់កិនឫកស្លោស្លន់
ប្រញាប់ទៅណាទើបរហន់ វ៊ីសនាំអាសន្នដល់រូបខ្ញុំ។
ទោះកង់នាងបុកក៏មិនថ្វី ព្រោះបានឃើញស្រីពៅមាសមុំ
ឬមួយនាងជាគូព្រេងខ្ញុំ ទើបអ្វីនាំមុំមកជួបបង។
ខ្ញុំមិនគិតទេរាងមិនល្អ ទោះមានសាច់សមាឌធំផង
ឲតែរូបនាងបានមកបង រាមនឹងថ្នាក់ថ្នមដូចបាវសាក់។
ជួបនាងយូរហើយឥតឃើញស្តី ឬស្រីនូវមានការថ្នាំងថ្នាក់
ព្រោះអីកង់នាងក៏បែកបាក់ ខ្លួនក៏ប្រលាក់ដោយភក់ដី។
លុះខ្ញុំសួរទៅនាងតបថា អត់ទោសបងណាសូមអភ័យ
ខ្ញុំប្រញាប់ឆាប់ទៅទិញត្រី ទើបធ្វេសស្មារតីមកបុកបង។
វាចារពិរោះបែបរដឺន ផ្គើនចិត្តឲខ្ញុំរឹតចាំចង
ចាំរូបនិងចាំសម្តីផង ចិត្តគួចប៉ុនប៉ងកាន់តែជ្រៅ។
កំពុងផ្អែមល្ហែមជាមួយនាង សំលេងល្ហៀងៗលឺល្ងូវៗ
នោះគឺមិត្តខ្ញុំហៅឲទៅ ហើយខ្ញុំក៏ត្រូវលានាងដែរ។
ឱមិត្តខ្ញុំអើយរំខានម្លេះ ឱកាសពិសេសខ្ញុំទើបតែ
បានជួបមាសស្ងួនមានមន្តស្នេហ៍ គួរតែឲខ្ញុំជួបបានយូរ។
រថយន្តយើងរោទិ៍ញ័រអស់ដឺ មិត្តភក្តិពីរបីចាប់គិតគូរ
រាប់ក្បាលអ្នកជិះមិនទុកយូរ អ្នកខ្លះរអ៊ូព្រោះខ្ចិលចាំ។
រាប់ក្បាលគ្រប់ហើយរថយន្តចេញ រឿងអម្បាញម៉ិញពុំប្រែសស្រាំ
ប្រាប់រូបខ្ញុំថាទោះយូរឆ្នាំ ខ្ញុំនៅតែចាំសម្ផស្សនាង។
ឡានចេញបន្តិចខ្ញុំពឺតផ្សា មិនគួវាសនាដូចទឹកភ្លៀង
ម្តងបែបានជួបម្តងបែកនាង ដូចភ្លៀងតែងធ្លាក់រាំងធម្មតា។
បំណាច់តែបែកទៅហើយក្តី គួរបានជួបស្រីផ្តែផ្តាំថា
ខ្ញុំចាប់ចិត្តចង់ចងស្នេហា មេត្តាជីវ៉ាស្តីឆ្លើយឆ្លង។
អះឱបុប្ផាខេត្តស្ទឹងត្រែង នាំបងចម្បែងសែនសៅហ្មង
បងចង់សប្បាយឆ្លងខេត្តម្តង ពើបនឹងនួនល្អងបងអួលអាក់។
ឱម្ចាស់ទន្លេសេសានអឺយ សូមកុំកន្តើយជួយទុកដាក់
រូបនាងកុំឲនរណាម្នាក់ បានមកទងទាក់ឆកនាងទៅ។
ឡានអឺយកុំខំបោលលឿនពេក ឱភ្នែកកុំខំបំភ្លេចពៅ
ស្ពានសេកុងដែលតាំងនៅ ស្ទាក់ផ្លូវកុំឲយើងទៅបាន៕
(សរសេរដោយ មាសរ័ត្ន)