មាន​អត្តបទកំណាព្យខ្មែរ​​​ជា​​ច្រើន​​​អត្ថបទ​​នៅ​លើ​​គេហ​ទំព័រ​​នេះ។​​ ប៉ុន្តែ​ដើម្បី​​អាច​​អាន​​ទំព័រ​​​នេះ​​បាន​ លុះ​ត្រា​កុំព្យូ​​ទំព័រ​​​របស់​អ្នក​​​មាន​​កម្ម​​វិធី​​​Khmer Unicode​ហើយ​ជា​ស្រេច​ បើ​ពុំ​នោះ​ទេ ​អ្នក​ នឹង​​ឃើញ​​តែ​រូប​​កូរេ ​តូចៗ​​ប៉ុន្នោះ។

If you see many small squares, but not Khmer Letters, your computor has no Khmer Unicode. Click on Khmer Uincode to install this program for free.

គេហ​ទំព័រ​​​នេះ​​មិន​​ត្រឹម​តែ​ផ្តល់​​ដល់​អ្នក​អាន​នួវ​​អត្ថបទ​​កំណាព្យ​ផ្សេងៗដែល​សរសេរ​​ដោយ​ខ្ញុំបាទ​​​​ប៉ុណ្ណោះ​​ទេ ខ្ញុំ​បាទ​​​ក៏​​មេត្តា​សុំ ​ការ​​បរិច្ចាក​​នូវ​​អត្ថបទ​របស់​អ្នក​ផង​ដែរ។​ អ្នក​​អាច​​ផ្ញើ​​អត្ថបទ​​របស់​​​អ្នក​​មក​ខ្ញុំ​បាទ​តាម​ measroth@gmail.com ឬ​​ក៏អ្នក​​អាច​បោះ​​ពុម្ភ​​​​នៅ​​លើ​​ផ្នែក​​មតិ​​(comment)​ផ្ទាល់។

សូម​​​អញ្ជើញ​​ចូល​​អាន​​ដោយ​​​​រីក​​រាយ!

free counters

សេកសារិកា

តើអ្នកធ្លាប់អានរឿងសេកសារិកាទេ?​ រឿងនេះពិសេសណាស់ ត្រង់ អ្នកនិពន្ធចេះ ឆ្នៃ ឲសត្វសេក​ និង សារិកាស្រលាញ់គ្នា ហើយពួកគេ ចេះប្រើពាក្យផ្តោះផ្តងគ្នា យ៉ាង ផ្អែមល្ហែមទៀតផង។ មើល កំណាព្យ បីល្បះនេះ ដែលខ្ញុំបានដកស្រងដូច មាននៅ ខាងក្រោម៖

 

[…]

មើលវាលធំធេងរេងរលឺក                    មើលទឹករលករលាមសាយ

មើលដីដីដុះវែងអន្លាយ                       មើលមេឃខ្ពស់ឆ្ងាយដូចឆ្ងាយស្រី។

[…]

ប្អូនអើយប្អូនស្ងួននួនថ្លើមចិត្ត                អាណិតបងចុះណាសារិកា

សូមអូនហារមាត់មកវាចារ                    នឹងបងតិចរ៉ាកុំបីស្ងាត់។

បំណាច់ចំណង់បងមកដល់                   នាឋានមណ្ឌលប្អូនស្រីរ័ត្ន

ចង់លឺពាក្យប្អូនបានមួយម៉ាត់                 សូមអូនសារសព្ទសងវាចារ។
 

                           (ដកស្រង់ចេញពីរឿងសេកសារិកា)

 

បទកំរងកែវ

តើអ្នកធ្លាប់មើលរឿងសុវណ្ណហុងទេ? រឿងនេះមានយូរហើយតាំងពីមុនសម័យសង្រ្គាម ម្លេះ ដែល​មានលោកគុង សំអៀន សម្តែងក្នុងរឿងនេះផង។ ក្នុងវគ្គមួយនោះ តួរស្រី បានស្តីឲតួរប្រុសដោយ​សាតួរប្រុសចោតថាតួរស្រីក្បត់ ដោយមានជាពាក្យពីរឃ្លារ ដូចតទៅ៖

[…] ប្រុសនាលោកកី មិនទាន់ដឹងអី ថាស្រីគ្នាក្បត់។​ […]

 

[…] យី!​ អាងអី អាងសុំទោស ទំរាំដឹងខ្លួនខុស តើនារីប៉ុន្មាននាក់ទៅហើយដែលបាន បាត់បង់ជីវិត ដោយសាខ្លួននោះ។ […]

 (ដកស្រង់ចេញពីរឿងសុវណ្ណហុង)

 

តើអ្នកមានបទកំរងកែវអ្វីទេ? ផ្ញើមកកាន់ខ្ញុំ ប្រសិនបើអ្នកចង់បោះពុម្ភផ្សាយ ឫបើអ្នក ចង់ដាក់ចូលក្នុងផ្នែកមតិ ក៏បានដែរ។


មាតិកា

១. សេកសារិកា

២. បទកំរងកែវ (សុវណ្ណហុង)

៣. កំណាព្យខ្មែរ​ ​(អានអត្តបទកំណាព្យខ្មែរនៅទីនេះ)

៤. បុប្ផាស្ទឹងត្រែង

៥. កំណាព្យ ក ខ

៦. គ្រឿងញៀន

៧. ប្រែអត្តបទពីពាក្យរាយទៅពាក្យកាព្យ(កូលាបប៉ៃលិន)

៨. បទកំរងកែវ(ឥតភព្វ & សាមកុក)

៩. កំណាព្យដំបូងបង្អស់លើទំព័រនេះ

បុប្ផាស្ទឹងត្រែង

(បទពាក្យប្រាំពីរ)

 

ថ្ងៃរះជ្រៀលជ្រេរេគោងភ្នំ                                                   ផុតព្រៃតូចធំដុះអមផ្លូវ

រថយន្តយើងបោលសំដៅទៅ                                           កាត់ព្រៃភ្នំជ្រៅទៅស្ទឹងត្រែង។

មកដល់ខេត្តនេះវ៊ីសនឹងយប់                                            យើងឥតឈរឈប់សួរគេឯង

សួររកផ្ទះទុកស្នាក់សម្បែង                                                សម្រាកស្ទឹងត្រែងមួយរាត្រី។

លុះព្រឹកស្វាងជ្រះស្រលះមេឃ                                        ខ្ញុំក្រោកពីដេកឥតខ្វល់អ្វី

រៀបចំខ្លួនរួចចុះទៅដី                                                          ដើរមើលប្រុសស្រីដីជាយដែន។

ខ្ញុំតម្រង់ទៅមាត់ទន្លេ                                                         ឃើញគេដឹកត្រីឡើងពេញណែន

តាមទូកតូចធំប្រឹងបត់បែន                                                ដឹកត្រីរាប់សែនយកឡើងជ្រាំង។

ខ្ញុំក៏ដើរហួសទៅតាមផ្លូវ                                                       រួចត្រូវកង់បុកលាន់លឺផាំង

ស្រីម្នាក់បុកខ្ញុំមុខឡើងស្លាំង                                              ភ័យខ្លាំងនាងអោនឥតងើយមុខ។

ដំបូងខ្ញុំខឹងវ៊ីសជេស្តី                                                             តែលុះឃើញស្រីធាត់ទ្រលុក

ទោះឈឺប៉ុណ្ណាខ្ញុំលាក់ទុក                                                  ប្រាប់នាងងើយមុខចរចារគ្នា។

នាងងើយមុខចំចំជាស្អាត ថ្                                   ពាល់ឡើងក្រប៉ាតមុខពេញហ៊ារ

ច្រមុះកោងស្រួចសាច់ថ្ពាល់យា                                      សក់ដូចរោមទាមានឈ្មោលជាន់។

សំបុរនាងសដូចកូនចិន                                                     រាងដូចត្បាល់កិនឫកស្លោស្លន់

ប្រញាប់ទៅណាទើបរហន់                                                វ៊ីសនាំអាសន្នដល់រូបខ្ញុំ។

ទោះកង់នាងបុកក៏មិនថ្វី                                                     ព្រោះបានឃើញស្រីពៅមាសមុំ

ឬមួយនាងជាគូព្រេងខ្ញុំ                                                        ទើបអ្វីនាំមុំមកជួបបង។

ខ្ញុំមិនគិតទេរាងមិនល្អ                                                          ទោះមានសាច់សមាឌធំផង

ឲតែរូបនាងបានមកបង                                                       រាមនឹងថ្នាក់ថ្នមដូចបាវសាក់។

ជួបនាងយូរហើយឥតឃើញស្តី                                         ឬស្រីនូវមានការថ្នាំងថ្នាក់

ព្រោះអីកង់នាងក៏បែកបាក់                                                 ខ្លួនក៏ប្រលាក់ដោយភក់ដី។

លុះខ្ញុំសួរទៅនាងតបថា                                                      អត់ទោសបងណាសូមអភ័យ

ខ្ញុំប្រញាប់ឆាប់ទៅទិញត្រី                                                   ទើបធ្វេសស្មារតីមកបុកបង។

វាចារពិរោះបែបរដឺន                                                             ផ្គើនចិត្តឲខ្ញុំរឹតចាំចង

ចាំរូបនិងចាំសម្តីផង                                                              ចិត្តគួចប៉ុនប៉ងកាន់តែជ្រៅ។

កំពុងផ្អែមល្ហែមជាមួយនាង                                                 សំលេងល្ហៀងៗលឺល្ងូវៗ

នោះគឺមិត្តខ្ញុំហៅឲទៅ                                                           ហើយខ្ញុំក៏ត្រូវលានាងដែរ។

ឱមិត្តខ្ញុំអើយរំខានម្លេះ                                                           ឱកាសពិសេសខ្ញុំទើបតែ

បានជួបមាសស្ងួនមានមន្តស្នេហ៍                                        គួរតែឲខ្ញុំជួបបានយូរ។

រថយន្តយើងរោទិ៍ញ័រអស់ដឺ                                                  មិត្តភក្តិពីរបីចាប់គិតគូរ

រាប់ក្បាលអ្នកជិះមិនទុកយូរ                                                 អ្នកខ្លះរអ៊ូព្រោះខ្ចិលចាំ។

រាប់ក្បាលគ្រប់ហើយរថយន្តចេញ                                     រឿងអម្បាញម៉ិញពុំប្រែសស្រាំ

ប្រាប់រូបខ្ញុំថាទោះយូរឆ្នាំ                                                        ខ្ញុំនៅតែចាំសម្ផស្សនាង។

ឡានចេញបន្តិចខ្ញុំពឺតផ្សា                                                     មិនគួវាសនាដូចទឹកភ្លៀង

ម្តងបែបានជួបម្តងបែកនាង                                                 ដូចភ្លៀងតែងធ្លាក់រាំងធម្មតា។

បំណាច់តែបែកទៅហើយក្តី                                                  គួរបានជួបស្រីផ្តែផ្តាំថា

ខ្ញុំចាប់ចិត្តចង់ចងស្នេហា                                                       មេត្តាជីវ៉ាស្តីឆ្លើយឆ្លង។

អះឱបុប្ផាខេត្តស្ទឹងត្រែង                                                        នាំបងចម្បែងសែនសៅហ្មង

បងចង់សប្បាយឆ្លងខេត្តម្តង                                                ពើបនឹងនួនល្អងបងអួលអាក់។

ឱម្ចាស់ទន្លេសេសានអឺយ                                                      សូមកុំកន្តើយជួយទុកដាក់

រូបនាងកុំឲនរណាម្នាក់                                                          បានមកទងទាក់ឆកនាងទៅ។

ឡានអឺយកុំខំបោលលឿនពេក                                  ឱភ្នែកកុំខំបំភ្លេចពៅ

ស្ពានសេកុងដែលតាំងនៅ                                                     ស្ទាក់ផ្លូវកុំឲយើងទៅបាន៕

                                                       (សរសេរដោយ មាស​រ័ត្ន)

 

 

 

 

 

មានកំណាព្យ​ ក ខ រហូតដល់ អ ប៉ុន្តែខ្ញុំស្រង់តែបំឃ្លាដំបូងមកទេ។​ បើអ្នកពុំដែលឃើញ​កំណាព្យនេះ ទេ ខ្ញុំគិតថាអ្នកនឹងចូលចិត្តវាជាពុំខានឡើយ។

កំណាព្យ ក ខ

(បទពាក្យប្រាំពីរ)

 

កកើតកកាយជាកូនខ្មែរ                                                ខខិតខំថែជាតិឲគង់

គគិតគូរជាតិក្រែងលិចលង់                                           ឃឃើញខ្មែរល្ងង់ឆាប់អប់រំ។

ងងើបមុខឡើងព្រមៗគ្នា                                              ចចងសាមគ្គីជាសង្គម

ឆឆាប់ជ្រុំជ្រេងក្រែងរលំ                                               ជជាតិជាធំងំក្នុងចិត្ត។

ឈឈានទៅមុខស្រុះៗគ្នា                                           ញញឹមការពារជាពិសិទ្ធ

ដកដាវសង្ឃឹមទុកក្នុងចិត្ត                                            ឋឋិតក្នុងឋានជ័យជំនះ។

                           (ដកស្រង់ចេញពីសៀវភៅតែងកំណាព្យខ្មែរ)

យល់​ដឹង​ពី​គ្រឿង​ញៀន អាន​អត្ថបទ​ខាងក្រោមនេះ។ ​អត្ថបទ​នេះ​សាម័ញ្ញ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា​ វា​​អាច​​​អាច​ផ្តល់​ជា គំនិត​ដល់​អ្នក​ដែល​មិន​សូវ​យល់​ដឹង​ពី​គ្រឿង​ញៀនបាន។

គ្រឿង​ញៀន​ជា​អ្វី?

(បទពាក្យប្រាំពី)

 

អ្វី​ទៅ​គេ​ហៅ​ថា​គ្រឿងញៀន

ដែលមានលក់ដូរដោយលួច​លាក់

មនុស្ស​ជា​ច្រើនជាប់​ជំពាក់

លប​ទិញ​លួចលាក់​យកប្រើប្រាស់។

គ្រឿង​ញៀន​គឺជា​គីមី​ផ្សំ

ដែល​គេលាយ​ឡំធាតុផ្តេស​ផ្តាស់

មាន​សមត្ថិ​ភាព​អាច​ប្តូរ​ផ្លាស់

ជា​ច្រើន​ផ្នែកណាស់​នៃរាងកាយ។

វា​មាន​ឥទ្ធិពល​ដល់ប្រាសាទ
ឲ្យ​យើង​លែង​ឆ្លាតលែងគិតឆ្ងាយ

យូរ​ទៅ​រូបយើងនឹងប្រែក្លាយ

ធ្លាក់កាយក្លាយរោគ​សញ្ញាញៀន។

អង្គការ​សហប្រជាជាតិ

បាន​កំណត់ទៀតថា​វាមាន

ដំណើរ​ស្រវឹ​ងកើតពុលឃ្លាន

ពោលគឺឲ្យ​ញៀន​ពិបាកផ្តាច់។

គ្រឿង​ញៀន​ដែល​គេលួចចរា

គឺមាន​យ៉ាម៉ា​សូនគ្រាប់ស្រេច

ហេរ៉ូអ៊ីនញៀនមិនងាយ​ផ្តាច់

ក៏​គេសូន​ស្រេចលក់មួយៗ។

ចំណែក​ថ្នាំឈ្មោះ​អ៊ីចស្តាស៊ី

ឲ្យ​ក្បាលគ្រវីដូចបង្កួយ

ច្រើនលក់ក្នុងបាជាជំនួយ

ឲ្យ​អ្នកណាមួយអាចរាំបាន។

រីឯកាវ​វិញ​សំបូរដែរ

ក្មេងអាវ៉ាសែទាំងប៉ុន្មាន

តែង​យក​ជាមួយជាប់នឹងប្រាណ

ពេលញៀនរុករានគេយកហិត។

មួយទៀតកញ្ឆាអាហារផ្សែង

គេតែងជក់វាឥតអាណិត

ក៏ព្រោះតែពុំបានដឹងពឹត

ថាវាទាញយឹត​ទៅ​គ្រោះ​ភ័យ។

ចំណែក​បារី​និង​សុរា

ដែល​គេ​គិត​ថា​ពុំ​សូវ​អី

តែ​ក៏​នាំ​គ្រោះ​កើត​ទុក​ភ័យ

ឲ្យ​យើង​ប្រុស​ស្រី​ខូច​សុខភាព។

បើ​ដឹង​គ្រោះ​ថា្នក់​ម្តេច​ក៏មនុស្ស

ចចេស​រឹងរួស​ធ្វើ​ថោកទាប

ប្រើថ្នាំ​ទាល់​តែចូលជ្រួតជ្រាប

ពីមុនសុភាពឥឡូវកោង។

មូលហេតុក៏ព្រោះតែចង់សាក

បារីបឺតខាកខ្អកគ្រប់យ៉ាង

តែស៊ូទ្រាំ​ជក់​ទាំង​ក្មេងក្មាង

ពេលញៀនកើតកាងកើតកាប់ចាក់។

ឥឡូវបានដឹងពីគ្រឿងញៀន

ដូច្នេះកុំឃ្លានកុំប្រឡាក់

នាំតែធ្លាក់ខ្លួនរងគ្រោះថ្នាក់

ជួនកើតច្រវ៉ាក់គុកពាក់ក៕

(សរសេរដោយ​មាស​រ័ត្ន)

 

«ពាក្យ​មួយ​ម៉ាត់​សូម​ផ្តាំថា សូម​កុំ​ព្យាយាម​សាក​គ្រឿងញៀន​សូម្បី​តែ​ម្តង​!»