យល់​ដឹង​ពី​គ្រឿង​ញៀន អាន​អត្ថបទ​ខាងក្រោមនេះ។ ​អត្ថបទ​នេះ​សាម័ញ្ញ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា​ វា​​អាច​​​អាច​ផ្តល់​ជា គំនិត​ដល់​អ្នក​ដែល​មិន​សូវ​យល់​ដឹង​ពី​គ្រឿង​ញៀនបាន។

គ្រឿង​ញៀន​ជា​អ្វី?

(បទពាក្យប្រាំពី)

 

អ្វី​ទៅ​គេ​ហៅ​ថា​គ្រឿងញៀន

ដែលមានលក់ដូរដោយលួច​លាក់

មនុស្ស​ជា​ច្រើនជាប់​ជំពាក់

លប​ទិញ​លួចលាក់​យកប្រើប្រាស់។

គ្រឿង​ញៀន​គឺជា​គីមី​ផ្សំ

ដែល​គេលាយ​ឡំធាតុផ្តេស​ផ្តាស់

មាន​សមត្ថិ​ភាព​អាច​ប្តូរ​ផ្លាស់

ជា​ច្រើន​ផ្នែកណាស់​នៃរាងកាយ។

វា​មាន​ឥទ្ធិពល​ដល់ប្រាសាទ
ឲ្យ​យើង​លែង​ឆ្លាតលែងគិតឆ្ងាយ

យូរ​ទៅ​រូបយើងនឹងប្រែក្លាយ

ធ្លាក់កាយក្លាយរោគ​សញ្ញាញៀន។

អង្គការ​សហប្រជាជាតិ

បាន​កំណត់ទៀតថា​វាមាន

ដំណើរ​ស្រវឹ​ងកើតពុលឃ្លាន

ពោលគឺឲ្យ​ញៀន​ពិបាកផ្តាច់។

គ្រឿង​ញៀន​ដែល​គេលួចចរា

គឺមាន​យ៉ាម៉ា​សូនគ្រាប់ស្រេច

ហេរ៉ូអ៊ីនញៀនមិនងាយ​ផ្តាច់

ក៏​គេសូន​ស្រេចលក់មួយៗ។

ចំណែក​ថ្នាំឈ្មោះ​អ៊ីចស្តាស៊ី

ឲ្យ​ក្បាលគ្រវីដូចបង្កួយ

ច្រើនលក់ក្នុងបាជាជំនួយ

ឲ្យ​អ្នកណាមួយអាចរាំបាន។

រីឯកាវ​វិញ​សំបូរដែរ

ក្មេងអាវ៉ាសែទាំងប៉ុន្មាន

តែង​យក​ជាមួយជាប់នឹងប្រាណ

ពេលញៀនរុករានគេយកហិត។

មួយទៀតកញ្ឆាអាហារផ្សែង

គេតែងជក់វាឥតអាណិត

ក៏ព្រោះតែពុំបានដឹងពឹត

ថាវាទាញយឹត​ទៅ​គ្រោះ​ភ័យ។

ចំណែក​បារី​និង​សុរា

ដែល​គេ​គិត​ថា​ពុំ​សូវ​អី

តែ​ក៏​នាំ​គ្រោះ​កើត​ទុក​ភ័យ

ឲ្យ​យើង​ប្រុស​ស្រី​ខូច​សុខភាព។

បើ​ដឹង​គ្រោះ​ថា្នក់​ម្តេច​ក៏មនុស្ស

ចចេស​រឹងរួស​ធ្វើ​ថោកទាប

ប្រើថ្នាំ​ទាល់​តែចូលជ្រួតជ្រាប

ពីមុនសុភាពឥឡូវកោង។

មូលហេតុក៏ព្រោះតែចង់សាក

បារីបឺតខាកខ្អកគ្រប់យ៉ាង

តែស៊ូទ្រាំ​ជក់​ទាំង​ក្មេងក្មាង

ពេលញៀនកើតកាងកើតកាប់ចាក់។

ឥឡូវបានដឹងពីគ្រឿងញៀន

ដូច្នេះកុំឃ្លានកុំប្រឡាក់

នាំតែធ្លាក់ខ្លួនរងគ្រោះថ្នាក់

ជួនកើតច្រវ៉ាក់គុកពាក់ក៕

(សរសេរដោយ​មាស​រ័ត្ន)

 

«ពាក្យ​មួយ​ម៉ាត់​សូម​ផ្តាំថា សូម​កុំ​ព្យាយាម​សាក​គ្រឿងញៀន​សូម្បី​តែ​ម្តង​!»